យើងទាំងអស់គ្នាបានឃើញហើយថា នៅក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ គឺជាពេលដែលកុំព្យូទ័រជំនាន់ថ្មីៗជាច្រើន បានបង្ហាញខ្លួន នៅលើទីផ្សារ ព្រោះថាក្រុមហ៊ុននីមួយៗ បានធ្វើការប្រកាសចេញរៀងៗខ្លួន ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ ឲ្យងាកមកមើលផលិតផលរបស់ពួកគេ។ ដោយឡែក ថ្មីៗនេះ Razer ក៏ដូចគេឯងអញ្ចឹងដែរ ដោយក្រុមហ៊ុននេះ បានធ្វើការប្រកាសចេញកុំព្យូទ័រយួដៃ លំដាប់កំពូលជំនាន់ថ្មីរបស់ខ្លួនចេញមក ដែលស្ថិតក្នុងត្រកូល Studio Edition នេះឯង ប៉ុន្តែលើកនេះ យើងឃើញថា វាកាន់តែថ្លៃជាងមុនទៀត។

ជាការពិតណាស់ ថ្មីៗនេះ Razer បានប្រកាសចេញកុំព្យូទ័រយួដៃជំនាន់ថ្មីប្រភេទ Workstation ដែលស្នងដំណែងពីម៉ូឌែល Studio Edition កាលពីឆ្នាំមុន ពោលគឺវាមានឈ្មោះថា Razer Blade 15 Studio Edition នេះឯង ដោយលើកនេះ វាមានការកែប្រែចំណុចសំខាន់មួយចំនួន ប៉ុន្តែផ្នែកមួយចំនួនទៀត ហាក់មិនខុសពីជំនាន់មុននោះទេ។ ជាការពិតណាស់ សម្រាប់ឆ្នាំ 2020 នេះ កុំព្យូទ័រប្រភេទ Workstation ខាងលើ នៅតែប្រើប្រាស់អេក្រង់គុណភាពខ្ពស់ទំហំ 15.6 អ៊ីញ ប្រភេទ OLED ដែលមានកម្រិតទឹកពណ៌ DCI-P3 100% ថែមទាំងមានកម្រិតឆ្លើយតប ទៅលើការចុចបញ្ជាក្នុងកម្រិត 1ms ថែមទៀតផង។ ទោះយ៉ាងណាក៏ដោយ Razer ក៏នៅតែមិនទាន់អាច ធ្វើឲ្យគែមជុំវិញអេក្រង់នោះ កប់ជាងមុនខ្លាំងដែរ ពោលគឺនៅមានលក្ខណៈធំនៅផ្នែកខាងលើ និងក្រោម ប៉ុន្តែវាមិនអាក្រក់មើលនោះទេ។ ចំណុចសំខាន់មួយទៀត ដែលងាយនឹងចាប់អារម្មណ៌ថា វាខុសពីជំនាន់មុននោះ គឺនៅត្រង់ក្ដារចុចវានេះឯង ដោយលើកនេះ វាមានទម្រង់ប្លែកពីមុនបន្តិច ពោលគឺមាន Shift Key នៅផ្នែកខាងស្ដាំវែងជាងមុន ហើយ Arrow Key ក៏បានកែប្រែដែរ ដោយមាន Key Up និង Down តូចៗជាងមុនផងដែរ។

 

 

សម្រាប់ផ្នែកកម្លាំងម៉ាស៊ីនវិញ វាបានបំពាក់មកជាមួយ CPU តែមួយប្រភេទប៉ុណ្ណោះគឺ Core i7-10875H ដោយមិនមានជម្រើស CPU របស់ AMD Ryzen 4800H ឡើយ។ យ៉ាងណាក៏ដោយប្រភេទ CPU Octa-Core នេះវាមានសមត្ថភាពគ្រប់គ្រាន់ ទៅលើការងារគ្រប់ប្រភេទ ដោយមិនមានបញ្ហាអ្វីនោះទេ ហើយវាក៏មានសមត្ថភាពប្រសើរជាង CPU 6 Core ដែលមាននៅលើ Core i7 ជំនាន់ទី 9 គ្រាន់បើដែរ។ ក្រៅពីនេះវាក៏មានភ្ជាប់មកជាមួយរ៉េមប្រភេទ DDR4-2933MHz ទំហំ 32GB មកស្រាប់ ជាមួយនឹងអង្គផ្ទុកប្រភេទ M.2 NVMe SSD ទំហំ 1TB ហើយអ្នកប្រើប្រាស់ អាចធ្វើការ Upgrade ឡើងទៅរ៉េម 64GB ជាមួយអង្គផ្ទុកប្រភេទដដែលនេះដល់ 4TB បានផងដែរ។ ទៅលើផ្នែក GPU វានៅតែប្រើប្រាស់ប្រភេទកំពូល Quadro RTX 5000 ដែលមានទំហំដល់ 16GB ប្រភេទ GDDR6 ដូចឆ្នាំមុនដែរ។ សម្រាប់ផ្នែកតម្លៃវិញ យើងឃើញថា លើកនេះ Razer បានដាក់លក់វាថ្លៃជាងលើកមុនប្រមាណជា 300 ដុល្លារបន្ថែមទៀត ពោលគឺគេបានដាក់លក់ក្នុងតម្លៃខ្ទង់ 4,299 ដុល្លារឯណោះ។

ប្រភព ៖ Cambo Report

Comments